តាមពិតដោយសារតែមូលហេតុនេះ ទើបគណៈគ្រូពេទ្យតម្រូវអោយ Dr Tong ដែលផលិតមាតិកាអប់រំសុខភាព កែប្រែចំណុចនេះជាបន្ទាន់…..
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា គណៈគ្រូពេទ្យមិនដែលហាមឃាត់ការផ្សេព្វផ្សាយសារអប់រំសុខភាពឡើយ ពោល គឺតែងតែលើកទឹកចិត្តឱ្យគ្រូពេទ្យធ្វើអំពើល្អ គោរពក្រមសីលធម៌ មានភាពសុច្ចរិត និងស្មោះត្រង់។ ចំពោះករណី Dr Tong ផលិតមាតិកាអប់រំសុខភាព គណៈគ្រូពេទ្យមិនបានហាមឃាត់ឡើយ តែណែនាំកែតម្រូវនូវមាតិការទាំងឡាយណា ដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។
លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ លោក តុង (ដែលជា Content Creator / Influencer ផងនោះ) មកជួបដើម្បីពន្យល់ណែនាំអំពីក្រមសីលធម៌វិជ្ជាជីវៈ។ ដោយសារកន្លងមកលោក តុង បានផលិតមាតិកា (Content) ជាច្រើនដែលក្នុងនោះមានចំណុចខ្លះ លើសលួសពីក្រមសីលធម៌គ្រូពេទ្យ ដូចជាការទទួលថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលផ្សេងៗ (ទឹកដោះគោ, ថ្នាំសង្កូវ) និងការផ្សព្វផ្សាយឲ្យគ្លីនិកឯកជន ដែលទង្វើទាំងនេះត្រូវបានមើលឃើញថា ធ្វើឡើងដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម និងលុយកាក់ជាធំ។
លោកសាស្ត្រាចារ្យបន្តថា «ក្រុមការងារបានណែនាំឱ្យ លោក តុង លុបមាតិកាដែលលើសលួសទាំងនោះចេញ»។
លោកសាស្ត្រាចារ្យ ឡឹម តារា បានបន្ថែមទៀតថា «គណៈគ្រូពេទ្យមិន ដែលហាមឃាត់ការផ្សេព្វផ្សាយសារអប់រំសុខភាពឡើយ ពោលគឺតែងតែលើកទឹកចិត្តឱ្យគ្រូពេទ្យធ្វើអំពើល្អ គោរពក្រមសីលធម៌ មានភាពសុច្ចរិត និងស្មោះត្រង់។ ជាក់ស្តែងអ្វីដែលគ្រូពេទ្យអាចធ្វើបាន គឺចូលរួមអប់រំផ្សព្វផ្សាយពីសុខភាព វិធានការបង្ការជំងឺ និងអ្វីៗដែលជាផលប្រយោជន៍សុខភាពសាធារណៈ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រពិតប្រាកដ។ មួយវិញទៀតអ្វីដែលគ្រូពេទ្យមិនគួរធ្វើ គឺការធ្វើរោគវិនិច្ឆ័យ ឬបង្ហាញវិធីព្យាបាលជាសាធារណៈ (ព្រោះប្រជាជនទូទៅមិនមែនជាអ្នកជំនាញ) រួមទាំងការផ្សាយពាណិជ្ជកម្មអាជីវកម្មផ្ទាល់ខ្លួន ឬការអួតអាងលើកតម្កើងខ្លួនឯងជាដើម។ ប្រសិនបើចង់ផ្សព្វផ្សាយពីទីតាំងគ្លីនិក ឬសេវាកម្ម គឺត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងជាមុន»។
ទន្ទឹមនឹងនេះគណៈ គ្រូពេទ្យកម្ពុជា បានបញ្ជាក់ថាដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។ ក្រមសីលធម៌ វិជ្ជាជីវៈ អាចអនុញ្ញាតឱ្យអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតអោយផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។
ជុំវិញករណីខាងលើនេះ Dr Tong ដែលជាអ្នកផលិតមាតិកាអប់រំសុខភាព ក៏បានចេញវីដេអូ បកស្រាយ និងទទួលស្គាល់ថាខ្លួនពិតជាបានសាងកំហុស ដូចអ្វីដែលជាការណែនាំរបស់គណៈគ្រូពេទ្យពិតប្រាកដមែន។ ការចេញសារបកស្រាយរបស់ Dr Tong កុំឱ្យសាធារណៈជនមានការយល់ខុស ពីគោលបំណងពិតប្រាកដរបស់គណៈគ្រូពេទ្យកម្ពុជា ដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីការងារក្រុមគ្រូពេទ្យឱ្យដើរលើផ្លូវត្រឹមត្រូវ ដើម្បីជាប្រយោជន៍បម្រើសេវាសុខាភិ បាលជូនដល់ប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ស័ក្កសិទ្ធភាព និងប្រកបដោយទំនុកចិត្ដ៕
សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ




