អាណិតខ្លាំងណាស់! ភរិយាបុរសកង់បីដែលបាត់ខ្លួន បង្ហោះសារទាំងក្ដុកក្ដួល “តើខ្ញុំគួររស់បន្ត ឬបញ្ចប់ជីវិត?” ក្រោយទាល់ច្រកនិងរ៉ាប់រងបន្ទុកគ្រួសារម្នាក់ឯង
(ភ្នំពេញ)៖ កំពុងតែស្ថិតក្នុងស្ថានភាពបាត់បង់បង្គោលគ្រួសារផង និងត្រូវប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរផង ភរិយារបស់បុរសអ្នករត់កង់បីដែលបានបាត់ខ្លួន កំពុងធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹមយ៉ាងខ្លាំង រហូតពោលពាក្យចង់បញ្ចប់ជីវិត ព្រោះរកច្រកចេញមិនឃើញ។
ក្រោយពីមានការភ្ញាក់ផ្អើលជុំវិញការរកឃើញគ្រោងឆ្អឹងមនុស្សកាលពីពេលថ្មីៗនេះ គ្រួសាររបស់លោក ថុន វិចិត្រ ដែលជាអ្នករត់កង់បីបាត់ខ្លួន បានបញ្ជាក់ថា គ្រោងឆ្អឹងនោះមិនមែនជារបស់លោកឡើយ។ ទោះបីជាយ៉ាងណា ដំណឹងនេះមិនបានធ្វើឱ្យស្ថានភាពគ្រួសារធូរស្រាលនោះទេ ផ្ទុយទៅវិញ ភរិយារបស់លោកបានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកលើបណ្ដាញសង្គម បង្ហាញពីការទាល់ច្រកក្នុងជីវិតយ៉ាងខ្លាំង។
ស្ត្រីជាភរិយាបានសរសេររៀបរាប់ថា រយៈពេលជាងមួយខែហើយដែលស្វាមីបានបាត់ខ្លួនដោយគ្មានដំណឹងសោះ ដែលធ្វើឱ្យបន្ទុកគ្រប់យ៉ាងត្រូវធ្លាក់មកលើរូបនាងតែម្នាក់ឯង។ នាងបានរាយរាប់ពីចំណាយដែលកំពុងជំពាក់វណ្ឌក រួមមាន៖
១. ប្រាក់បង់រំលស់ផ្ទះ
២. ប្រាក់បង់រំលស់កង់បី
៣. ថ្លៃសាលារបស់កូនៗ
៤. និងការចំណាយលើម្ហូបអាហារប្រចាំថ្ងៃផ្សេងៗទៀត។
ក្នុងសំណេរដ៏សែនខ្លោចផ្សានោះ អ្នកនាងបានពោលថា៖ «តើខ្ញុំគួររស់បន្តឬក៏ត្រូវបញ្ចប់ ខ្ញុំគិតអ្វីមិនចេញទេ លុយក៏គ្មាន កម្លាំងចិត្តក៏អស់ ធ្វើការក៏មិនទាន់កើត… លុយបង់ផ្ទះគេក៏ជិតដល់ថ្ងៃ មិនដឹងធ្វើបែបណាទេលោកអើយ»។
ដោយសារតែភាពអស់សង្ឃឹម និងគ្មានលទ្ធភាពរកប្រាក់មកដោះស្រាយបញ្ហាភ្លាមៗ ភរិយាបុរសកង់បីរូបនេះ បានសម្រេចចិត្តទម្លាក់លេខគណនី (QR Code) ដើម្បីសុំក្ដីមេត្តាពីសំណាក់សប្បុរសជន និងមហាជនជួយតាមទឹកចិត្ត ដើម្បីឱ្យនាងមានលទ្ធភាពបន្តជីវិត និងមើលថែកូនៗដែលនៅតូចក្នុងកំឡុងពេលដ៏លំបាកនេះ។
នាងបានបញ្ជាក់ទាំងក្ដុកក្ដួលថា ពេលនេះនាងពិតជាគ្មានកម្លាំងចិត្ត និងមិនទាន់អាចត្រឡប់ទៅធ្វើការវិញបានឡើយ ខណៈដែលដំណឹងស្វាមីនៅតែស្ងាត់សូន្យឈឹង។
សូមបញ្ជាក់ថា ករណីបាត់ខ្លួនរបស់លោក ថុន វិចិត្រ បានក្លាយជាប្រធានបទដែលមហាជនតាមដាន និងបង្ហាញការអាណិតអាសូរយ៉ាងខ្លាំង ហើយពេលនេះគ្រួសាររបស់លោក កំពុងរង់ចាំទាំងក្ដីសង្ឃឹមតិចតួច និងការជួយជ្រោមជ្រែងពីសហគមន៍ដើម្បីឆ្លងផុតគ្រាដ៏ខ្មៅងងឹតនេះ៕




