ក្រោយផ្ទុះការរិះគន់ពីមហាជន Dr. Tong អាចផលិតមាតិកាបានវិញហើយ
ពត៌មានជាតិ

ក្រោយផ្ទុះការរិះគន់ពីមហាជន Dr. Tong អាចផលិតមាតិកាបានវិញហើយ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ឱ្យដឹងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ លោក តុង (ដែលគេស្គាល់ថាជា Dr Tong ជាអ្នកផលិតមាតិកា និងជា Influencer ផ្នែកសុខភាពម្នាក់) មកជួបដើម្បីធ្វើការណែនាំអំពីក្រមសីលធម៌វិជ្ជាជីវៈ បន្ទាប់ពីរកឃើញថា លោកបានផលិតមាតិកាមួយចំនួនហួសព្រំដែនកំណត់។
ជុំវិញចំណាត់ការនេះ លោក Dr Tong ក៏បានចេញវីដេអូបកស្រាយដោយផ្ទាល់ ដោយបានទទួលស្គាល់ថា ខ្លួនពិតជាបានសាងកំហុសឆ្គង ដូចអ្វីដែលគណៈគ្រូពេទ្យបានណែនាំពិតប្រាកដមែន។ ការចេញមុខមកបកស្រាយនេះ គឺក្នុងគោលបំណងការពារកុំឱ្យសាធារណជនមានការយល់ច្រឡំលើគោលបំណងពិតប្រាកដរបស់គណៈគ្រូពេទ្យកម្ពុជា ដែលជានិច្ចកាលតែងតែតម្រង់ទិសដៅក្រុមគ្រូពេទ្យឱ្យដើរលើផ្លូវត្រឹមត្រូវ ដើម្បីផលប្រយោជន៍ និងសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។
នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ ឡឹម តារា បានពន្យល់ថា កន្លងមក លោក តុង បានផលិតមាតិកា (Content) ជាច្រើនដែលក្នុងនោះមានចំណុចខ្លះបានរំលោភលើក្រមសីលធម៌គ្រូពេទ្យ ដូចជា៖
• ការទទួលថតផ្សាយពាណិជ្ជកម្មឱ្យផលិតផលផ្សេងៗ (ដូចជា ទឹកដោះគោ និងថ្នាំសង្កូវជាដើម)
• ការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យគ្លីនិកឯកជន
ទង្វើទាំងនេះត្រូវបានមើលឃើញថា ធ្វើឡើងក្នុងគោលបំណងកេងយកផលប្រយោជន៍ពាណិជ្ជកម្ម និងលុយកាក់ជាធំ។ ហេតុទើបក្រុមការងារបានណែនាំឱ្យ លោក តុង លុបរាល់មាតិកាដែលលើសលួសទាំងនោះចេញពីបណ្តាញសង្គម។
ប្រធានគណៈគ្រូពេទ្យកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា គណៈគ្រូពេទ្យមិនដែលហាមឃាត់ការផ្សព្វផ្សាយសារអប់រំសុខភាពឡើយ ពោលគឺតែងតែលើកទឹកចិត្តឱ្យគ្រូពេទ្យធ្វើអំពើល្អ គោរពក្រមសីលធម៌ មានភាពសុច្ចរិត និងស្មោះត្រង់។ លោកបានបែងចែកច្បាស់ៗពីវិសាលភាពនៃការផ្សព្វផ្សាយដូចខាងក្រោម៖
• អ្វីដែលគ្រូពេទ្យអាចធ្វើបាន៖ ចូលរួមអប់រំផ្សព្វផ្សាយពីសុខភាព វិធានការបង្ការជំងឺ និងអ្វីៗដែលជាផលប្រយោជន៍សុខភាពសាធារណៈ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រពិតប្រាកដ។
• អ្វីដែលគ្រូពេទ្យមិនគួរធ្វើ៖ ការធ្វើរោគវិនិច្ឆ័យ ឬបង្ហាញវិធីព្យាបាលជាសាធារណៈ (ព្រោះប្រជាជនទូទៅមិនមែនជាអ្នកជំនាញ) រួមទាំងការផ្សាយពាណិជ្ជកម្មអាជីវកម្មផ្ទាល់ខ្លួន ឬការអួតអាងលើកតម្កើងខ្លួនឯង។ ប្រសិនបើចង់ផ្សព្វផ្សាយពីទីតាំងគ្លីនិក ឬសេវាកម្ម គឺដាច់ខាតត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលជាមុន។
• ការរំលឹកដាស់តឿនដល់គ្រូពេទ្យទាំងអស់
ទន្ទឹមនឹងករណីនេះ គណៈគ្រូពេទ្យកម្ពុជា ក៏បានអំពាវនាវដល់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ ត្រូវតែសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនូវក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសុចរិតភាព។ជាគោលការណ៍ ច្បាប់អនុញ្ញាតឱ្យអ្នកជំនាញវេជ្ជសាស្ត្រចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំ និងបង្ការជំងឺ ដើម្បីជាប្រយោជន៍សង្គម ប៉ុន្តែមិនអនុញ្ញាតឱ្យប្រើប្រាស់នាមជាគ្រូពេទ្យទៅផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួន ក្នុងន័យកេងចំណេញផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ ដើម្បីធានាបាននូវសេវាសុខាភិបាលជូនប្រជាជនប្រកបដោយ គុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងទំនុកចិត្តខ្ពស់៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *