មិត្តប្រុសកញ្ញា ឡីឡី (Ley Ley) បង្ហាញក្ដីក្ដុកក្ដួល និងតក់ស្លុតយ៉ាងខ្លាំង ក្រោយការបាត់បង់មិត្តស្រីជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ បណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងអំពីការចាកចេញរបស់កញ្ញា ឡីឡី (Ley Ley) ដែលបានបន្សល់ទុកនូវក្ដីអាឡោះអាល័យជាពន់ពេកដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។
អ្វីដែលធ្វើឱ្យមហាជនកាន់តែរំជួលចិត្តនោះគឺ ការបង្ហោះសាររៀបរាប់ទាំងក្ដីសោកសង្រេងពីសំណាក់មិត្តប្រុសរបស់ជនរងគ្រោះ ដែលបានមើលថែ និងសាងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយទទួលបានដំណឹងដ៏រន្ធត់នេះ លោកបានបង្ហាញអារម្មណ៍តក់ស្លុត និងក្តុកក្តួលជាខ្លាំង រហូតរកអ្វីមកប្រៀបផ្ទឹមមិនបាន ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ត្រឹមតែមួយប៉ប្រិចភ្នែក។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន មិត្តប្រុសរបស់កញ្ញា ឡីឡី បានបង្ហោះរូបថតអនុស្សាវរីយ៍ផ្អែមល្ហែមជាច្រើនសន្លឹក អមដោយសារដួងចិត្តដ៏សែនឈឺចាប់ថា៖ «ម៉េចក៏ទុកឱ្យបងនៅម្នាក់ឯងចឹង… បងទទួលយកអត់បានទេ!»។ សារដ៏ខ្លីតែមានន័យចាក់ដោតបេះដូងនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ចូលរួមសម្ដែងការរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់លោកគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា ការបាត់បង់កញ្ញា ឡីឡី គឺជាទុក្ខសោកដ៏ធំធេងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិជិតស្និទ្ធ។ ជាមួយគ្នានេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់កញ្ញា បានទៅកាន់សុគតិភព និងសម្រាកឱ្យបានស្ងប់ក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕




