ស្ដែងណាស់! បាក់ស្រុតស្ពាននៅចិន ឡានរអិលធ្លាក់ចូលក្នុងទឹក ត្រូវកម្លាំងទឹកហូរ កួចយកទៅស្រស់ៗត្រឹមមួយប៉ប្រិចភ្នែក
ពត៌មានអន្តរជាតិ

ស្ដែងណាស់! បាក់ស្រុតស្ពាននៅចិន ឡានរអិលធ្លាក់ចូលក្នុងទឹក ត្រូវកម្លាំងទឹកហូរ កួចយកទៅស្រស់ៗត្រឹមមួយប៉ប្រិចភ្នែក

ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើងនៅស្រុក Daigo ខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន ដោយមានស្ពានមួយកន្លែង បានបាក់ស្រុតទៅស្តែងៗដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ហើយតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថាស្ពានខាងលើនេះ បានស្រុតបាក់អស់មួយចំណែកទៅហើយ តែក៏មានឡានមួយគ្រឿងបានចតនៅក្បែរកន្លែងបាក់នោះ។

យ៉ាងណាមិញ មិនទាន់បានប្រហែលមួយនាទីផង ស្រាប់តែស្ពានក៏បានបន្តបាក់ទៀត ហើយក៏បាននាំយកទាំងឡានមួយគ្រឿងនោះទៅជាមួយផង រួចក៏ត្រូវបានខ្សែទឹកហូរនាំទៅបាត់យ៉ាងលឿន ដែលធ្វើឱ្យអ្នកដែលបានឃើញហេតុការណ៍នេះ មិនអាចជួយអន្តរាគមន៍អ្វីបានសោះ។

អាជ្ញាធរមូលដ្ឋានបានលើកឡើងថា មូលហេតុដែលឡាននៅចតទីនោះ និងព្រមបើកបរចេញ គឺដោយសារតែវាបានខូចនៅលើស្ពាន ទើបមិនអាចបើកចេញ ឬថយក្រោយឱ្យផុតពីចំណុចគ្រោះថ្នាក់ទាន់ពេលវេលាបាន។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាដំណឹងល្អបំផុតនោះគឺ អ្នកដំណើរទាំងអស់ដែលនៅក្នុងឡាននោះ បាននាំគ្នាចុះចេញពីឡានរួចរាល់អស់ហើយ មុនពេលវារអិលធ្លាក់ចូលក្នុងទឹក ដូច្នេះមិនមានអ្នករងគ្រោះថ្នាក់ដល់ជីវិតឡើយ។

ក្រោយកើតហេតុ អាជ្ញាធរបានសម្រេចបិទតំបន់ស្ពាននោះជាបណ្នោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យរចនាសម្ព័ន្ធ និងរៀបចំផែនការជួសជុលឡើងវិញ ដោយមិនទាន់អាចកំណត់ថ្ងៃបើកឱ្យចរាចរណ៍វិញនៅឡើយទេ។

ដោយឡែក ហេតុការណ៍នេះគឺជាការដាស់តឿនដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ព្រោះស្ពាន ឬផ្លូវថ្នល់អាចជួបការខូតខាចជាយថាហេតុ ហើយវាក៏អាចបណ្តាលឱ្យយើងមានគ្រោះថ្នាក់ដោយមើលមិនឃើញផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

LEAVE A RESPONSE

Your email address will not be published. Required fields are marked *