កម្ពុជាច្រានចោលព័ត៌មានមិនពិតដែលថាមានបទបញ្ជាបណ្តេញជនជាតិអាហ្វ្រិកចេញពីប្រទេស
ពត៌មានជាតិ

កម្ពុជាច្រានចោលព័ត៌មានមិនពិតដែលថាមានបទបញ្ជាបណ្តេញជនជាតិអាហ្វ្រិកចេញពីប្រទេស

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានច្រានចោលរបាយការណ៍នៅលើបណ្ដាញសង្គមដែលអះអាងថា រាជរដ្ឋាភិបាលបានចេញបទបញ្ជាឱ្យជនជាតិអាហ្វ្រិកដែលមានការលើកលែងអន្តោប្រវេសន៍ផុតកំណត់ ត្រូវចាកចេញពីប្រទេសកម្ពុជាត្រឹមថ្ងៃទី៣១ ខែឧសភា។

បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ការដាក់ពន្ធនាគារ និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ដោយអគ្គនាយកដ្ឋានបានបញ្ជាក់ថា ព័ត៌មានទាំងនេះគឺជារឿងមិនពិតទាំងស្រុង។

នៅក្នុងសេចក្តីបំភ្លឺព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គេហទំព័រមួយចំនួនបានចុះផ្សាយព័ត៌មាន «មិនពិតទាំងស្រុង» ដោយចោទប្រកាន់ថា កម្ពុជាគ្រោងនឹងធ្វើការបង្ក្រាបទៅលើជនជាតិអាហ្វ្រិក។

សេចក្តីថ្លែងការណ៍បានឱ្យដឹង​ថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ»។

សេចក្តីបំភ្លឺនេះបានយោងជាក់លាក់ទៅលើសេចក្តីរាយការណ៍ដែលចុះផ្សាយដោយគេហទំព័រឈ្មោះ Campaigner Online និង News Ghana ដែលបានអះអាងថា អាជ្ញាធរកម្ពុជាបានចេញសេចក្តីណែនាំឱ្យជនជាតិអាហ្វ្រិកដែលមានការលើកលែងអន្តោប្រវេសន៍ផុតកំណត់ ត្រូវចាកចេញពីប្រទេសកម្ពុជាមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

អត្ថបទទាំងនោះបានចោទប្រកាន់ថា ជនជាតិមកពីប្រទេសនានារួមមាន ហ្គាណា កេនយ៉ា កាមេរូន និងអ៊ូហ្គង់ដា នឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ការដាក់ពន្ធនាគាររហូតដល់ ២ ឆ្នាំ និងការផាកពិន័យរហូតដល់ ៨,០០០ ដុល្លារ ប្រសិនបើពួកគេនៅតែបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីផុតកំណត់នេះ។

របាយការណ៍ទាំងនោះក៏បានអះអាងទៀតថា សេចក្តីណែនាំនេះត្រូវបានចេញដោយមន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍ និងត្រូវបានអនុម័តដោយក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានច្រានចោលរាល់ការអះអាងទាំងស្រុង និងបានអំពាវនាវដល់សាធារណជនឱ្យជឿជាក់តែលើប្រភពព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលប៉ុណ្ណោះសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអន្តោប្រវេសន៍។

អគ្គនាយកដ្ឋានបានលើកឡើងថា៖ «ដើម្បីទទួលបាននូវព័ត៌មានផ្លូវការ សូមសាធារណជនជាតិនិងអន្តរជាតិ ចូលមើលព័ត៌មាននៅក្នុងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានអាសយដ្ឋាន: www.immigration.gov.kh ឬ សាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line : (+855) 78 38 66 99»។

LEAVE A RESPONSE

Your email address will not be published. Required fields are marked *