កូនខ្មែរចាំមិនភ្លេច! គម្រប់ខួប ១ ឆ្នាំ នៃមរណ-ភាព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីក្នុងការការពារទឹកដី នៅសមរភូមិមុំបីព្រះវិហារ
នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ជាថ្ងៃគម្រប់ខួប ១ ឆ្នាំពេញ (២៨ ឧសភា ២០២៥ – ២៨ ឧសភា ២០២៦) នៃមរណភាពរបស់ លោកព្រឹន្ទបាលឯក សួន រ៉ោន ដែលលោកបានពលីជីវិត ក្នុងការការពារទឹកដីនៅសមរភូមិមុំបី ខេត្តព្រះវិហារ។

តាមរយៈគុណបំណាច់ និង វីរភាពខាងសេ្នហាជាតិដ៏ឧត្តុង្គឧត្តមនេះ នៅតែត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូប ចងចាំ និង ដឹងគុណជានិច្ចនិរន្តរ៍ ចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់លោក ជូនចំពោះជាតិមាតុភូមិកម្ពុជា ខណៈវីរភាពរបស់លោក ស្ថិតនៅក្នុងបេះដូងជនជាតិខ្មែរជានិច្ច។

សូមរំឭកផងដែរថា នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានឱ្យដឹងថាកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។

ក្រសួងធ្លាប់បានបញ្ជាក់ឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និង បង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
ក្រសួងការពារជាតិ បានបន្តថាកម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និង ការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និង កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ៕





