ដំណឹងល្អ! តារារ៉េប AK-K ម្ចាស់ពាន Cambo Rapper វះកាត់ជោគជ័យនៅប្រទេសវៀតណាម និងមានសង្ឃឹមអាចដើរបានវិញ…
ពត៌មានជាតិ

ដំណឹងល្អ! តារារ៉េប AK-K ម្ចាស់ពាន Cambo Rapper វះកាត់ជោគជ័យនៅប្រទេសវៀតណាម និងមានសង្ឃឹមអាចដើរបានវិញ…

ភ្នំពេញ៖ អ្នកគាំទ្រ និងក្រុមគ្រួសារតារាចម្រៀងរ៉េប AK-K មានក្តីរំភើបជាខ្លាំង រហូតស្រក់ទឹកភ្នែក បន្ទាប់ពីទទួលបានដំណឹងថា ការវះកាត់របួសជើងរបស់លោកនៅប្រទេសវៀតណាម បានទទួលជោគជ័យ និងមានសញ្ញាវិជ្ជមានខ្ពស់ក្នុងការវិលត្រឡប់មកដើរបានធម្មតាវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ តារាចម្រៀងរ៉េបលេចធ្លោរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅម្ដុំផ្លូវទំនប់កប់ស្រូវ ដែលបណ្តាលឱ្យលោកគ្រោះថ្នាក់ដាច់ជើងធ្ងន់ធ្ងរ។ ភ្លាមៗនោះ លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មុននឹងក្រុមគ្រួសារសម្រេចចិត្តបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ដើម្បីសង្គ្រោះជើងរបស់លោក។

ក្រោយការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពេលនេះលទ្ធផលបានបង្ហាញឱ្យឃើញពីក្តីសង្ឃឹមថ្មី ដោយគ្រូពេទ្យជំនាញនៅប្រទេសវៀតណាមបានបញ្ជាក់ថា ការវះកាត់បានជោគជ័យជាស្ថាពរ។ អ្វីដែលរឹតតែពិសេសនោះ គ្រូពេទ្យបានអះអាងថា ជើងរបស់លោកមិនបានដាច់សរសៃឈាមធំៗនោះទេ ដែលនេះជាសញ្ញាបញ្ជាក់ថា លោកនឹងមានឱកាសអាចដើរបានវិញនៅថ្ងៃខាងមុខ ក្រោយការព្យាបាល និងធ្វើលំហាត់ស្ដារកាយសម្បទា។

ទន្ទឹមនឹងដំណឹងរីករាយនៃស្ថានភាពសុខភាពនេះ ក្រុមគ្រួសាររបស់ AK-K ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវ និងតាមរកភាគីពាក់ព័ន្ធដែលបង្កគ្រោះថ្នាក់នេះ មកទទួលខុសត្រូវតាមផ្លូវច្បាប់ឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

បច្ចុប្បន្ន បណ្ដាញសង្គមត្រូវបានពោពេញទៅដោយសារជូនពរពីសំណាក់អ្នកគាំទ្រ និងមិត្តភក្តិក្នុងសិល្បៈ ដោយម្នាក់ៗសុទ្ធតែបង្ហាញការត្រេកអរ និងជូនពរឱ្យ Idol របស់ពួកគេឆាប់រឹងមាំ និងអាចត្រឡប់មកអង្រួនឆាកតន្ត្រីជាថ្មីម្ដងទៀត៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *