ម៉ាលេសុី សំពងថៃមួយព្រនង់ប្រកាសឈប់ឱ្យនាំបង្គា ៥ ប្រភេទចូលប្រទេស ដើម្បីសងសឹករឿងនេះ…..
ថ្មីៗនេះ មានព័ត៌មានបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះតទៅ ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើម ដោយផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់វិស័យគ្រឿងសមុទ្ររបស់ថៃជាខ្លាំង។

ដើមចមនៃបញ្ហានេះ កើតឡើងបន្ទាប់ពីមានការរកាំរកូសលើការនាំចូលត្រីឆ្ពង់ (Sea Bass) ដោយម៉ាឡេស៊ីបាននាំយកកូនត្រីនេះពីថៃទៅចិញ្ចឹម រួចនាំចេញត្រីសាច់ត្រឡប់មកលក់ក្នុងទីផ្សារថៃវិញក្នុងតម្លៃថោកពេក ដែលបង្កផលប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីនៅថៃ។

ដើម្បីជាការឆ្លើយតប អាជ្ញាធរថៃបានដាក់វិធានការត្រួតពិនិត្យគុណភាពត្រីឆ្ពង់ពីម៉ាឡេស៊ីយ៉ាងតឹងរ៉ឹង ១០០% ដើម្បីស្វែងរកសារធាតុគីមី និងមេរោគ ដែលធ្វើឱ្យភាគីម៉ាឡេស៊ីមិនពេញចិត្ត និងដាក់វិធានការតបតវិញភ្លាមៗ។

ក្នុងនោះ ម៉ាឡេស៊ីបានហាមឃាត់ការនាំចូលបង្កងថៃចំនួន ៥ ប្រភេទ មានដូចជា បង្គា (Black Tiger), បង្គា ចេក (Banana shrimp), បង្គាស (Vannamei), បង្គាកុឡាខ្មៅ និងបង្គាខៀវ ព្រមទាំងតម្រូវឱ្យមានលិខិតបញ្ជាក់គុណភាពពីមន្ទីរពិសោធន៍ទៀតផង។

សមាគមបង្គាថៃបានបញ្ជាក់ថា ការផ្អាកនាំចូលភ្លាមៗនេះ នឹងធ្វើឱ្យបង្គាជាង ២០០ តោនក្នុងមួយខែ ត្រូវហូរត្រឡប់មកលក់ក្នុងទីផ្សារថៃវិញ ដែលនឹងបណ្ដាលឱ្យតម្លៃបង្គាក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុមអ្នកចិញ្ចឹមបង្គាថៃ កំពុងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា ពួកគេអាចនឹងបាត់បង់ទីផ្សារម៉ាឡេស៊ីទៅឱ្យប្រទេសគូប្រជែងផ្សេងទៀត ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទាន់ពេលវេលា។

យ៉ាងណាមិញ ក្រុមអាជីវករបានអំពាវនាវឱ្យលោក អានុទីន ឆាន់វីរៈគូល ក្នុងនាមជានាយករដ្ឋមន្ត្រី ប្រញាប់បើកកិច្ចចរចាជាមួយភាគីម៉ាឡេស៊ីជាបន្ទាន់ ដើម្បីសម្របសម្រួលដោះស្រាយការហាមឃាត់នេះឱ្យបានឆាប់បំផុត៕
ប្រភព៖ CH7




