តារារ៉េប AK-K ម្ចាស់ពាន Cambo Rapper រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (កិនជើងទាំងសងខាង) កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម
ពត៌មានជាតិ

តារារ៉េប AK-K ម្ចាស់ពាន Cambo Rapper រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (កិនជើងទាំងសងខាង) កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម

(ភ្នំពេញ)៖ មហាជន ជាពិសេសអ្នកគាំទ្រវិស័យចម្រៀងរ៉េប មានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារារ៉េបលោក AK-K ដែលជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambo Rapper បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឱ្យរងរបួសបាក់បែកជើងទាំងសងខាងយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងនៅលើដងផ្លូវទំនប់កប់ស្រូវ ដោយមានរថយន្តដឹកដីមួយគ្រឿងបានបុក និងកិនពីលើជើងទាំងពីររបស់លោក AK-K តែម្តង។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ដែលអាចប្រឈមនឹងហានិភ័យឈានដល់ការពិការ ក្រុមគ្រួសារបានសម្រេចចិត្តបញ្ជូនលោកបន្តទៅព្យាបាលនៅប្រទេសវៀតណាម ដើម្បីសង្គ្រោះជើងទាំងពីររបស់លោក។

អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រួសារមានការឈឺចាប់ និងខ្វល់ខ្វាយខ្លាំងនោះ គឺរហូតមកទល់ពេលនេះ ភាគីខាងរថយន្តបង្កហេតុមិនទាន់បានចេញមុខមកទទួលខុសត្រូវ ឬដោះស្រាយនៅឡើយទេ។ ករណីនេះបានធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ អំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងឱ្យជនបង្កចេញមុខមកទទួលខុសត្រូវតាមផ្លូវច្បាប់។

បច្ចុប្បន្ន អ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយ និងបានចូលរួមបួងសួងសុំឱ្យអាយដល AK-K មានសុវត្ថិភាព ឆ្លងផុតពីគ្រោះថ្នាក់ និងឆាប់បានជាសះស្បើយឡើងវិញ ដើម្បីអាចត្រឡប់មកដើរ និងបន្តអាជីពសិល្បៈដែលលោកស្រឡាញ់ជាថ្មីម្តងទៀត៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *