លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល(APP) WOWNOW បានឯកភាពមិនប្រើមធ្យោបាយផ្ទាល់របស់ក្រុមហ៊ុនសម្រាប់ធ្វើអាជីវកម្មដឹកភ្ញៀវទៀតនោះទេ ក្រោយមានវិធានការពីក្រសួងសាធារណការ និងបន្ទាប់ពីលោករដ្ឋមន្រ្តីបានប្រជុំណែនាំបន្ថែម។
លោក ឈួន វ៉ន់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងលិខិតបទដ្ឋានគតិយុត្ត ក្រសួងសាធារណការនិងដឹកជញ្ជូន មិនអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដើម្បីធ្វើអាជីវកម្មនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់អ្នកដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាការកត់សម្គាល់ការអញ្ជើញក្រុមហ៊ុនដឹកជញ្ជូនតាមរយៈAPP មកជួបប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងសាធារណការ គឺធ្វើឡើងបន្ទាប់ពីមានពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួន ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដើម្បីធ្វើអាជីវកម្ម ដោយមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនោះទេ។ អត្ថបទ៖ vayofm




