ក្រសួងហាមមិនអោយប្រើឯកសណ្ឋានមន្ត្រីរាជការក្នុង​ពិធី​មង្គលការ
ពត៌មានជាតិ

ក្រសួងហាមមិនអោយប្រើឯកសណ្ឋានមន្ត្រីរាជការក្នុង​ពិធី​មង្គលការ

ក្រសួងវប្បធម៌ និងក្រសួងធម្មការស្នើ​កុំ​ឲ្យ​ពលរដ្ឋ​រៀបចំ​កិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យ​នោះទេ ដោយ​បញ្ជាក់​ថា កិច្ចសំពះផ្ទឹមចងដៃនេះត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ​ក្រសួង បាន​ហាម​ការ​ប្រើប្រាស់ឯកសណ្ឋាន​មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញា​រដ្ឋបាលក្នុងពិធីមង្គលការ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា បាន​ថ្លែង​តាម​រយៈ​លិខិត​អំពាវ​ចុះ​នៅ​ថ្ងៃ​ទី១ ខែមិថុនានេះថា នាពេលកន្លងមក ប្រជាជនខ្មែរមួយចំនួនបានប្រារព្ធ «ពិធីភ្ជាប់ពាក្យ» កូនចៅ ដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃនៅក្នុងពិធីនេះ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋាន​សម្គាល់​មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការ ផងដែរ។

ក្រសួងទាំងពីរថ្លែង​ថា​ ការ​រៀបចំពិធីបែបនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់​ទម្រង់ដើមនៃ​ការរៀប​អាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ជូនតាខ្មែរពីបុរាណយើងទេ ព្រោះកិច្ច​សំពះ​ផ្ទឹមចងដៃ​ត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការ​នោះដែរ។

បើ​តាម​ក្រសួង ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីបង្កប់ទៅដោយ​ទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌​ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗ​ត្រូវបាន​ដូនតា​ខ្មែរ​រៀប​ចំឡើង​យ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ ដោយបែងចែក​ដាច់ពីគ្នារវាង “ពិធីភ្ជាប់ពាក្យ” និង “ពិធីមង្គលការ”។

ក្រសួងពន្យល់ថា អត្ថន័យពិធីភ្ជាប់ពាក្យ ឬស្តីដណ្តឹង គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នា​រវាងចាស់ទុំទាំងសងខាង ទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករ​នឹងគ្នាក្នុងពេល​ខាងមុខ។ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់ បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុ​បញ្ចាំចិត្ត (បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ រីឯសាមីខ្លួន​ប្រុសស្រី មិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។

ចំណែកខ្លឹមសារកិច្ចសំពះផ្ទឹម និងចងដៃ គឺជាការសែនព្រេនដល់ដីជូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លា​ឱ្យពរជ័យទទួល​ស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណីតរៀងទៅ។

ក្រសួងវប្បធម៌ និងក្រសួងធម្មការបញ្ជាក់ថា ការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមក មិនស្របតាមលំអានក្បួនប្រពៃណីធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដើម នៃពិធីមង្គលការខ្មែរ។

អន្តរក្រសួងបានអំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីព​ពាក់ព័ន្ធ​នឹងពិធីមង្គលការទាំងអស់ចូលរួមគោរព​ប្រតិបត្តិនូវកិច្ចពិធី អាពាហ៍ពិពាហ៍ទៅតាមលំអាន​ក្បួនច្បាប់ឱ្យ​បានត្រឹមត្រូវ និងពិនិត្យលើការ​ប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីឱ្យត្រូវទៅតាមប្រភេទពិធី។

ក្រសួង​ក៏​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ ពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែង​យល់ពីទំនៀមទម្លាប់​ប្រពៃណី ​និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្ស៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *