ក្ដុកក្ដួលណាស់! អ្នកនាង ខាត់ សុឃីម និងអ្នកសិល្បៈជាច្រើន តក់ស្លុតចំពោះការបាត់បង់តន្ត្រីករ និងសហគ្រិនវ័យក្មេង លោក ឃឹម សុច័ន្ទវិរៈ…
(ភ្នំពេញ)៖ មហាជននៅលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនរូប បានបង្ហាញការតក់ស្លុត និងក្ដុកក្ដួលជាខ្លាំង ក្រោយទទួលដំណឹងថា លោក ឃឹម សុច័ន្ទវិរៈ (Sochanvirak Khim) ដែលជាតន្ត្រីករដ៏មានសមត្ថភាព និងជាសហគ្រិនវ័យក្មេងដ៏ល្បីឈ្មោះមួយរូប បានទទួលមរណភាពទាំងវ័យក្មេង។
ភ្លាមៗក្រោយទទួលដំណឹងដ៏ក្រៀមក្រំដែលមិននឹកស្មានដល់នេះ តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតនៅលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកនាងបានពោលពាក្យទាំងសោកសៅថា៖
«រន្ធត់ពេកហើយប្អូនអើយ Sochanvirak Khim បងបានឃើញពីភាពជោគជ័យល្បីឈ្មោះរបស់ប្អូន ហើយក៏រីករាយសាទរពីចម្ងាយ តែមិនដែលមានឱកាសសួរសុខទុក្ខសោះ បានត្រឹម Like និងខមិន ប៉ុន្តែថ្ងៃនេះ ប្អូនចាកចេញទៅស្ងៀមស្ងាត់ RIP»។
យោងតាមការបង្ហោះ និងការស៊ែរតៗគ្នាពីសំណាក់មិត្តភក្តិជិតស្និទ្ធ និងអ្នករួមអាជីព បានឱ្យដឹងថា លោក ឃឹម សុច័ន្ទវិរៈ គឺជាបុគ្គលម្នាក់ដែលពោរពេញដោយសមត្ថភាព មិនត្រឹមតែក្នុងវិស័យតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាសហគ្រិនម្នាក់ដែលទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញ។
ការចាកចេញរបស់សហគ្រិន និងតន្ត្រីករឆ្នើមរូបនេះ បានបន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ សហការី ក៏ដូចជាអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ដែលតែងតែនិយមគាំទ្រស្នាដៃ និងបុគ្គលិកលក្ខណៈដ៏ល្អរបស់លោកកន្លងមក៕




