សមត្ថកិច្ចបញ្ជាក់ច្បាស់ៗ យុវជនម្នាក់ឈ្មោះ ឆន សុវណ្ណរាជ គឺជិះម៉ូតូធ្លាក់ផ្លូវស្ល-ា/ប់ខ្លួនឯង មិនមែនជាករណីឃ-ាត/ក-ម្មដូចគ្រួសារសង្ស័យទេ
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធគណនីមួយមានឈ្មោះ Chhorn SovannaReach បានសរសេរបង្ហោះខ្លឹមសារមួយជុំវិញការបាត់បង់ជីវិតរបស់ប្អូនប្រុស អាចមានពាក់ព័ន្ធនឹងករណីឃាតកម្ម។

ការបង្ហោះនោះមានខ្លឹមសារថា ៖ «សូមបងប្អូនទាំងអស់គ្នាជួយគិតពិចារណាមើល ប្អូនប្រុសខ្ញុំត្រូវគេកាប់ហើយបំបិទភស្តុតាង ហើយយកទៅរៀបចំធ្វើដូចជាជិះម៉ូតូធ្លាក់ផ្លូវ សូមបងប្អូនជួយរកយុត្តិធម៌ឱ្យប្អូនខ្ញុំផង ប្អូនខ្ញុំស្លូតណាស់មិនដែលធ្លាប់មានទំនាស់នឹងអ្នកណាទេ ហើយស្នាមនៅខាងក្រោយក្បាលជាស្នាមពូថៅច្បាស់ណាស់។ បើសិនជិះធ្លាក់ផ្លូវមែន មិនមែនស្បែកជើងជាប់ជើងចឹងទេ ប្រាកដណាស់ស្បែកជើងនឹងរបូតពីជើងហើយ តែនេះប្រហែលគេវៃកាប់ហើយពាក់ស្បែកជើងឱ្យទៀត ដើម្បីបំបិទភស្តុតាងកុំឱ្យគេសង្ស័យ»។

ជាក់ស្ដែង ក្រោយពីក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស ទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកល្វាឯម បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផលបានឱ្យដឹងថា នោះជាករណីគ្រោះថ្នាក់ចរាចរណ៍បេីកបរម៉ូតូធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលឱ្យស្លាប់ ដែលបានកើតហេតុថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ប្រហែល ១:០០ នាទី នៅចំណុចលើកំណាត់ផ្លូវគ្រួសក្រហម ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ចំពោះសភាពរឿងហេតុ នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 1D-2207 បើកបរដោយឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង (ស្លាប់) បេីកបរ (ពីលិចទៅកើត ) ពីឃុំព្រែករៃ ទៅឃុំទឹកឃ្លាំង។

ពេលបើកបរមកដល់ចំណុចកេីតហេតុផ្លូវកែងអក្សរ (T) ក៏បានជាន់ហ្រ្វាំងមិនជាប់ក៏ធ្លាក់ផ្លូវ បណ្តាលឱ្យបាក់កស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ លុះដល់ម៉ោងប្រហែល ៧:០០ នាទីព្រឹកទើបមានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍មកសមត្ថកិច្ច។

ផ្អែកតាមសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័យរួច ករណីខាងលើជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង សពបានប្រគល់ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូក៏បានប្រគល់ជូនម្តាយផងដែរ។ ចំពោះការសន្និដ្ឋាន គឺបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន មិនមានភ្លើងបំភ្លឺផ្លូវ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និង កុំមានការភាន់ច្រឡំ៕

ប្រភព ៖ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល




