ព្រះអើយ! នៅខេត្តកណ្ដាល មានករណីចា-ប់ជំរិ-តក្មេងស្រីអាយុ ៥ ឆ្នាំទារលុយ ១ ម៉ឺនដុល្លារ ទម្រាំចាប់ជនល្មើសបាន ក្មេងស្រីបានបាត់បង់ជីវិ-តហើយ
ជារឿងដ៏គួរឱ្យតក់ស្លុត និង រំជួលចិត្ត នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ ប្រភពសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពីករណីជនដៃដល់មួយរូប បានចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ដោយបានទារប្រាក់ពីឪពុកម្តាយរបស់ក្មេងស្រី ចំនួន ១ ម៉ឺនដុល្លារ។

តាមប្រភពព័ត៌មានបានបន្តឱ្យដឹងថា ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ខណៈជនដៃដល់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ ចំណែកឯក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ។

យ៉ាងណាមិញ បើតាមរយៈសាររបស់ជនដៃដល់ ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ បានបង្ខំឱ្យពួកគេផ្ញើលុយចំនួន ១ ម៉ឺនដុល្លារតាមវីងឱ្យ ដោយទុកពេលត្រឹម ១ ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់ប៉ូលិស និង អ្នកជិតខាង។

ជាក់ស្ដែង ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និង ឈានដល់ការចាប់ខ្លួនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។
គួរបញ្ជាក់ថា ជនដៃដល់ខាងលើ មានឈ្មោះ គីម វណ្ណា អាយុ ៣៥ ឆ្នាំ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន កំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖ Fresh News




