ខ្លោចចិត្ត! ក្មួយប្រុសឈ្លោះជាមួយម្តាយនិងមីង ដុតផ្ទះសម្លាប់មីង ពូរងរបួសធ្ងន់…
ខ្លោចចិត្ត! ក្មួយប្រុសឈ្លោះជាមួយម្តាយនិងមីង ដុតផ្ទះសម្លាប់មីង ពូរងរបួសធ្ងន់…
(ភ្នំពេញ)៖ ហេតុការណ៍ដ៏រន្ធត់ និងសាហាវឃោរឃៅមួយបានកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្មួយប្រុសបង្កើតម្នាក់ បានសម្រេចចិត្តដុតផ្ទះខ្លួនឯងចោល បន្ទាប់ពីមានជម្លោះពាក្យសម្តីជាមួយម្តាយ និងមីងបង្កើត។
តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ត្រូវជាក្មួយ បានឈ្លោះប្រកែកគ្នាជាមួយស្ត្រីជាម្តាយ និងស្ត្រីជាមីង។ ដោយសារកំហឹងមួយឆាវ ជននេះបានដុតផ្ទះបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។ ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យស្ត្រីជាមីងស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្លើង ចំណែកឯបុរសជាពូ (ប្តីរបស់ស្ត្រីរងគ្រោះ) ដែលបានស្ទុះរត់ទៅជួយប្រពន្ធ ក៏ត្រូវភ្លើងឆាបឆេះរលាកសុះសាច់ រងរបួសធ្ងន់ធ្ងរ។
មិនត្រឹមតែប៉ុណ្ណោះ អគ្គិភ័យដ៏កាចសាហាវនេះ បានឆេះរាលដាលយ៉ាងលឿនទៅដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាង អស់ចំនួន ១០ខ្នងបន្ថែមទៀត បបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ។
ក្រោយពេលបង្កហេតុរួច ជនសង្ស័យជាក្មួយប្រុស បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕





