បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ផ្ទះដែលកំពុងរៀបចំសាងសង់ និងផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសកម្មភាពយោធាថៃ គឺជាជម្រកសម្រាប់រស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ មិនមែនជាការផ្តល់ជំនួសលំនៅដ្ឋានអចិន្ត្រៃយ៍ឡើយ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិចំនួន៦ ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក មិនអាចចូលទៅរស់នៅលើដី និងផ្ទះសម្បែងរបស់ខ្លួនបាន ដោយសារត្រូវបានយោធាថៃហ៊ុំព័ទ្ធ។
សេចក្ដីប្រកាសបានឱ្យដឹងថា៖ «ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជា ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិថ្នល់បំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ»។
តាមសេចក្តីប្រកាស រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់លើស្ថានភាពរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ ដោយរៀបចំដីទំហំប្រមាណ ៤០០ ហិកតា នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក សម្រាប់សាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់។
អាជ្ញាធរបានឱ្យដឹងថា ផ្ទះមួយចំនួនត្រូវបានសាងសង់រួច និងចាប់ផ្តើមផ្តល់ជូនប្រជាពលរដ្ឋក្នុងជំហានដំបូង តាមរយៈការចាប់ឆ្នោត ដើម្បីអនុញ្ញាតឱ្យពួកគេចូលទៅរស់នៅជាបណ្តោះអាសន្ន។
តាមអាជ្ញាធរ ជនភៀសសឹកជាង ៨០០គ្រួសារ ត្រូវបានរៀបចំឱ្យស្នាក់នៅជម្រកបណ្ដោះអាសន្នជំហានដំបូង នៅស្រុកស្វាយចេក ខណៈផ្ទះជាង ៣០០ខ្នងត្រូវបានសាងសង់រួច ហើយគ្រោងបញ្ចប់ដល់ ៣,០០០ខ្នង មុនចូលឆ្នាំថ្មី។ ជម្រកទាំងនេះមានទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាព ដើម្បីសម្រួលជីវភាពបណ្ដោះអាសន្ន។
លោក ឃ្លោក នួយ អភិបាលរងខេត្ដបន្ទាយមានជ័យ បាននិយាយថា៖ «ការចាប់ឆ្នោតជំហានទី២ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ ចំពោះផ្ទះអតីតយុទ្ធដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រើប្រាស់ផងដែរ»។
លោកបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជនភៀសសឹក រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូនរយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួយខ្នងផ្ទះប្រើប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំដី និងផ្ទះនេះ មិនមែនជាការដោះដូរជាមួយដីធ្លីដើមរបស់ប្រជាពលរដ្ឋដែលបានបាត់បង់នោះទេ ប៉ុន្តែជាវិធានការបណ្តោះអាសន្ន ក្នុងការរង់ចាំដំណោះស្រាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងភាគីថៃ។
អាជ្ញាធរបន្ថែមថា បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយ ប្រជាពលរដ្ឋនឹងអាចវិលត្រឡប់ទៅរស់នៅលើទីតាំងដើមរបស់ខ្លួនវិញ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ «ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន របស់ខ្លួនវិញ»៕ ប្រភព៖ post khmer




