លោកឧកញ៉ាវិចិត្រដារ៉ា បង្ហោះសារយ៉ាងចាក់ដោតជុំវិញរឿងក្ដីលោក ហេង ឡុង៖ «មិត្តផឹកស្រាមិនខ្វះទេ តែមិត្តជួយពេលមានបញ្ហាទើបពិបាករក»
ពត៌មានជាតិ

លោកឧកញ៉ាវិចិត្រដារ៉ា បង្ហោះសារយ៉ាងចាក់ដោតជុំវិញរឿងក្ដីលោក ហេង ឡុង៖ «មិត្តផឹកស្រាមិនខ្វះទេ តែមិត្តជួយពេលមានបញ្ហាទើបពិបាករក»

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ាវិចិត្រដារ៉ា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារបែបអប់រំ និងចាក់ដោតចំៗពាក់ព័ន្ធនឹងតម្លៃនៃមិត្តភាព និងការរស់នៅ ក្នុងកំឡុងពេលដែលរឿងរ៉ាវជម្លោះផ្លូវច្បាប់របស់លោកឧកញ៉ា ហេង ឡុង កំពុងក្លាយជាប្រធានបទក្ដៅគគុក។

លោកឧកញ៉ាបានសរសេររៀបរាប់ក្នុងន័យដាស់តឿនថា៖ «មិត្តខ្វែងដៃផឹកស្រាមិនខ្វះទេ តែមិត្តហុចដៃជួបបញ្ហាទើបពិបាករក!»។ ឃ្លានេះត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីតថភាពសង្គមបច្ចុប្បន្ន ដែលមនុស្សភាគច្រើនចោមរោមតែពេលសប្បាយ ប៉ុន្តែនៅពេលមានអាសន្ន មិត្តដែលស្មោះត្រង់គឺពិតជាកម្រនឹងរកបានណាស់។

អ្វីដែលគួរឱ្យកត់សម្គាល់ លោកឧកញ៉ាក៏បានទម្លាយឱ្យដឹងផងដែរថា លោកស្គាល់ច្បាស់ទាំងភាគីលោកឧកញ៉ា ហេង ឡុង និងភាគីខាងដើមបណ្តឹង។ ក្នុងនោះ លោកបានអះអាងដោយភាពជឿជាក់ថា ដើមបណ្តឹងគឺជាមនុស្សល្អម្នាក់ ដែលតែងតែមានចិត្តសប្បុរស និងចូលចិត្តជួយយកអាសាអ្នកដទៃជានិច្ច។

ទន្ទឹមនឹងការលើកសរសើរពីអត្តចរិតភាគីដើមបណ្តឹង លោកឧកញ៉ាក៏បានផ្ញើសារក្រើនរំលឹកជាទូទៅដល់អ្នកដទៃទៀតថា ក្នុងការរស់នៅ ឬធ្វើទំនាក់ទំនងអ្វីមួយ «កុំធ្វើអ្វីដែលហួសហេតុពេក»។ លោកបានបញ្ជាក់ថា ពេលខ្លះការធ្វើទង្វើជ្រុលហួសព្រំដែន អាចធ្វើឱ្យម្ចាស់ទ្រព្យ ឬភាគីម្ខាងទៀតអស់ភាពអត់ធ្មត់ និងមិនអាចទ្រាំទ្របាន។

ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ាក៏បានបញ្ជាក់នៅចុងបញ្ចប់នៃសាររបស់លោកដើម្បីជៀសវាងការយល់ច្រឡំថា លោកគ្រាន់តែបញ្ចេញមតិក្នុងនាមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ ចំណែកឯសាច់រឿងលម្អិតស៊ីជម្រៅ ឬដើមចមពិតប្រាកដនៃជម្លោះរវាងភាគីទាំងពីរយ៉ាងណានោះ លោកមិនបានដឹងច្បាស់លាស់ឡើយ។

សារដាស់តឿនរបស់លោកឧកញ៉ារូបនេះ កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែក និងបញ្ចេញមតិគាំទ្រយ៉ាងច្រើន ចំពោះទស្សនៈដែលលើកឡើងពីតម្លៃនៃមិត្តភាពពិតប្រាកដ និងការចេះរស់នៅដោយមានដែនកំណត់ មិនរំលោភបំពានអ្នកដទៃ៕

LEAVE A RESPONSE

Your email address will not be published. Required fields are marked *