សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកហេតុផលសាមញ្ញ ៤ យ៉ាង ឱ្យថៃភ្លឺភ្នែក ជុំវិញការចោទសម្ដេចថា…..
ពត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកហេតុផលសាមញ្ញ ៤ យ៉ាង ឱ្យថៃភ្លឺភ្នែក ជុំវិញការចោទសម្ដេចថា…..

នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារឱ្យបានដឹងថា ៖ «ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point កាលពី ២៧ ឆ្នាំមុន (២៩ ឧសភា ១៩៩៩)»

សម្ដេចបានមានប្រសាសន៍បន្តថា មានប្រជាពលរដ្ឋថៃមួយចំនួនបានចូលមកសរសេរបញ្ចេញមតិថា សម្ដេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។

សម្ដេចបានបញ្ជាក់ឱ្យដឹងថា មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ ដែលសម្ដេចមិនដែលឆ្លើយតប ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំឱ្យវែងឆ្ងាយដោយមិនចាំបាច់។ ពេលនេះ សម្ដេចសូមបញ្ជាក់ដើម្បីបញ្ចប់ការយល់ខុសនេះតទៅទៀត ជាចម្លើយខ្លី គឺសម្ដេចមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។ ហេតុផលគឺសាមញ្ញបំផុត÷

១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច និង មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅអោយបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។

២. ប្រទេសដែលទទួលបានកូតា សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឲ្យប្រទេសផ្សេងទេ។ សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង សម្រាប់ឆ្នាំនីមួយៗ។

៣. សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា មិនមែនពីប្រទេសណាផ្សេងទេ។

៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ៖ «បើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ និង ការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។ សម្រាប់រូបខ្ញុំ គឺនៅឆ្នាំ១៩៩៥ បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។ ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឲ្យកម្ពុជាមិនមែនឲ្យទៅថៃដូចការលើកឡើងនោះទេ»

ជាចុងក្រោយសម្ដេចបានបញ្ជាក់ថា ៖ «បើអ្នកណាចង់បញ្ជាក់ថាតើវាជាការពិតឬមិនពិតនោះ គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ ឬស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃ ថាធ្លាប់បានធ្វើការធានា ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point តែម្ដងក៏បានលើករណីនេះ។ ខ្ញុំជឿជាក់ថាច្បាស់ថា គឺគ្មានករណីនេះទេ»

អត្ថបទ៖ popular

LEAVE A RESPONSE

Your email address will not be published. Required fields are marked *